0
0
收藏
分享

ក្រុមហ៊ុនឈានមុខ ផ្នែកសេវាកម្មអាកាសចរណ៍អន្តរជាតិ ពីទីក្រុងឌូបៃ កំពុងពិចារណាភ្ជាប់ជើងហោះហើររបស់ខ្លួន មកកម្ពុជា

浏览量:69019
字号:
-
18
+
     

ភ្នំពេញ៖ ក្រុមហ៊ុន Hadid International Services (HADID) ដែលឈានមុខផ្នែកសេវាកម្ម អាកាសចរណ៍អន្តរជាតិ ពីទីក្រុងឌូបៃ ចាប់អារម្មណ៍ និង ចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ព្រមទាំងពិចារណាភ្ជាប់ជើង ហោះហើររបស់ខ្លួន មកប្រទេសកម្ពុជា ។


   


លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោកស្រី Aida Ismail តំណាងក្រុមហ៊ុន និងជានាយិកាប្រចាំតំបន់ និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ ដោយផ្តោតលើការផ្សព្វផ្សាយសក្តានុពល ទេសចរណ៍កម្ពុជា ការពង្រឹងការតភ្ជាប់ផ្លូវអាកាស របស់ក្រុមហ៊ុនមកកាន់ប្រទេសកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។


   


ក្នុជំនួបនេះ លោកស្រី Aida Ismail បានធ្វើបទបង្ហាញអំពីប្រវត្តិ និងសកម្មភាពរបស់ក្រុមហ៊ុន Hadid Aviation ដែលជាក្រុមហ៊ុនឈានមុខ ផ្នែកសេវាគាំទ្រអាកាសចរណ៍អន្តរជាតិ ដែលបង្ហាញពីគោលបំណង ចូលរួមជាមួយក្រសួងទេសចរណ៍ ក្នុងការផ្សព្វផ្សាយ សក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក តាមរយៈបណ្តាញដៃគូអន្តរជាតិ ការរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយ ការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ក៏ដូចជាការស្វែងរកឱកាស ពង្រីកសេវាកម្មអាកាសចរណ៍ ដូចជា Jet Charter និង MEDEVAC នៅកម្ពុជា។


   


បន្ថែមពីលើនេះ ក្រុមហ៊ុនក៏បានបង្ហាញ ពីគម្រោងផ្សព្វផ្សាយរឿងរ៉ាវ និងសក្តានុពលរបស់កម្ពុជា តាមរយៈការបោះពុម្ពសៀវភៅ និងការបកប្រែជាង ៣០ ទៅ ៥០ ភាសា ដើម្បីឱ្យពិភពលោកស្គាល់កម្ពុជា កាន់តែទូលំទូលាយផងដែរ។


   


ជាកិច្ចឆ្លើយតប លោករដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន ក្នុងការចូលរួមលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា និងពង្រឹងការតភ្ជាប់ផ្លូវអាកាស ពីតំបន់មជ្ឈិមបូព៌ា មកកាន់រាជធានីភ្នំពេញ និងខេត្តសៀមរាប ព្រមទាំងបានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាព រៀបចំដំណើរកម្សាន្តសិក្សា (FAM Trip) ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិន ពីសហព័ន្ធអារ៉ាប់រួម និងតំបន់មជ្ឈិមបូព៌ាមកកម្ពុជា ព្រមទាំងសិក្សាលទ្ធភាពបង្កើតជើងហោះហើរត្រង់ ឬ ជើងហោះហើរឯកជនបន្ថែម ជាពិសេសមកកាន់ខេត្តសៀមរាប និងជំរុញការអភិវឌ្ឍទេសចរណ៍ VIP និង Business Aviation។


   


ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមហ៊ុន បន្តផ្សព្វផ្សាយវីដេអូ និងខ្លឹមសារអំពីសក្តានុពលទេសចរណ៍ កម្ពុជា តាមបណ្តាញផ្សព្វផ្សាយ របស់ក្រុមហ៊ុន រួមទាំង Showroom បណ្តាញសង្គម និងអេក្រង់ក្នុងយន្តហោះ ក្នុងការចូលរួមគាំទ្រយុទ្ធនាការ «ទស្សនាកម្ពុជា នារដូវបៃតង» រួមទាំងការផ្សព្វផ្សាយកម្ពុជា ជាគោលដៅទេសចរណ៍ សម្រាប់ភ្ញៀវមូស្លីម។


   


គួរឱ្យដឹងថា ក្រុមហ៊ុន Hadid Aviation មានទីស្នាក់ការកណ្តាលនៅទីក្រុងឌូបៃ ប្រទេសសហព័ន្ធអារ៉ាប់រួម និងមានបទពិសោធន៍ជាង ៤០ ឆ្នាំ ក្នុងការផ្តល់សេវាគាំទ្រអាកាសចរណ៍អន្តរជាតិ ដោយប្រតិបត្តិការ នៅតំបន់អាហ្វ្រិក អាស៊ី អឺរ៉ុប មជ្ឈិមបូព៌ា និងតំបន់ផ្សេងៗជាច្រើន នៅលើពិភពលោក៕


   



   



编辑:东盟头条

评论0文明上网理性发言,请遵守《新闻评论服务协议》

avatar
加载评论中...